គន្លឹះដឹកនាំអង្គប្រជុំអោយមានប្រសិទ្ធភាពខ្ពស់

ការប្រជុំ គឺជាការជួបជុំរវាងមនុស្សពីរនាក់ ឫច្រើននាក់ដោយមានការរៀបចំ និងមានគោលបំណងច្បាស់លាស់ ជាពិសេសសម្រាប់ការពិភាក្សាជាផ្លូវការណាមួយ។ ជាទូទៅអ្នកដឹកនាំអង្គប្រជុំតែងតែរៀបចំនូវរបៀបវារៈនៃអង្គប្រជុំ ទីកន្លែង សម្ភារៈ អ្នកចូលរួម កាលបរិច្ឆេទ ជាពិសេសការកំណត់គោលបំណងនៃអង្គប្រជុំ។ ជាធម្មតា នៅពេលចាប់ផ្តើមប្រជុំ ប្រធានអង្គប្រជុំតែងតែធ្វើគារវៈកិច្ចទៅដល់អង្គប្រជុំទាំងមូលដោយធ្វើការបរិយាយពីរបៀបវារៈ គោលបំណង និងការរំពឹងទុកពីការប្រជុំ។ ហើយអ្វីដែលសំខាន់បំផុតនោះ គឺអ្នកដឹកនាំអង្គប្រជុំតែងតែសង្កត់ធ្ងន់ទៅលើគោលបំណងនៃការពិភាក្សាដោយធ្វើការពន្យល់លម្អិតទៅដល់សមាជិកនៃអង្គប្រជុំ ដើម្បីឱ្យអង្គប្រជុំដំណើរការទៅដោយរលូន ជាពិសេសទទួលបានការចូលរួម និងមតិយោបល់ពីសមាជិកក្រុម និងសេចក្តីសម្រេចជាក់លាក់ណាមួយក្នុងការអនុវត្តន៍គម្រោងការ ឬការងារឱ្យបានជោគជ័យ។​


ក្នុងនោះផងដែរ 30’IDEA សូមចែករំលែកនូវគន្លឹះសំខាន់ៗ ដើម្បីដឹកនាំអង្គប្រជុំទាំងមូលប្រកបដោយប្រសិទ្ធភាពខ្ពស់៖


Image: #freepik


១) ស្តាប់សមាជិកនៃអង្គប្រជុំដោយយកចិត្តទុកដាក់ ជាការពិតណាស់ ពាក្យថាប្រជុំយ៉ាងហោចណាស់ក៏មានមនុស្សចូលរួមចាប់ពីពីរ ឬច្រើននាក់ ដូច្នេះហើយគំនិត ការយល់ឃើញ និងមតិយោបល់នឹងមិនដូចគ្នានោះទេដោយមានអ្នកខ្លះមានគំនិតស្រប ហើយអ្នកខ្លះទៀតក៏មានគំនិតផ្ទុយពីគ្នាផងដែរ។ ហើយមិនថាយោបល់នោះស្រប ឬផ្ទុយនោះទេ វាសុតសឹងតែជាគំនិត និងការចូលរួមដែលអាចឆ្លើយតបទៅនឹងគោលបំណងរបស់អង្គប្រជុំ ប្រសិនបើអ្នកដឹកនាំអង្គប្រជុំទទួលស្តាប់ដោយយកចិត្តទុកដាក់ និងអនុញ្ញាត្តិអោយសមាជិកអង្គប្រជុំអាចបញ្ចេញនូវមតិយោលបល់ និងការយល់ឃើញរបស់ពួកគេបាន។


២) រក្សាគោលបំណងនៃអង្គប្រជុំ ជាក់ស្តែងណាស់ អ្នកបានស្តាប់ និងទទួលបានមតិយោបល់ពីសមាជិករបស់អង្គប្រជុំជាច្រើន និងខុសៗគ្នា។ បើទោះបីជាមានមិតិយោបល់ច្រើន និងខុសគ្នាក៏ដោយ ប៉ុន្តែឆ្លងកាត់តាមរយៈការស្តាប់ និងការវិភាគ អ្នកគួរស្រង់យកនូវគំនិតល្អៗ និងសំខាន់ៗណាដែលអាចដាក់បញ្ចូលគ្នា និងផ្សារភ្ជាប់ទៅនឹងគោលបំណងនៃអង្គប្រជុំ ជាពិសេសសមស្របទៅតាមគោលបំណងអង្គប្រជុំទាំងមូល។ អ្នកដឹកនាំអង្គប្រជុំមិនគួរបដិសេធ ឬនិយាយថាគំនិតនេះមិនត្រូវ គំនិតនោះមិនល្អនោះទេ ព្រោះអ្នកនឹងបាត់បង់ឱកាសទទួលបាននូវគំនិតថ្មីៗ និងការចូលរួមពីសមាជិកក្រុមរបស់អ្នក។ ចូរស្តាប់ដោយស្ងៀមស្ងាត់ និងធ្វើការសង្ខេបពីគោលគំនិតរបស់សមាជិកនីមួយៗ ព្រមទាំងធ្វើការវិភាគដោយស្ងៀមស្ងាត់ និងសម្រេចយកគោលគំនិតរួមមួយដែលអាចជួយឱ្យអ្នកទទួលបាននូវលទ្ធផលដូចដែលអ្នកបានរំពឹងទុកពីអង្គប្រជុំ។


៣) សម្របសម្រួល អ្នកដឹកនាំអង្គប្រជុំត្រូវមានជំនាញមួយដែលយើងអាចហៅបានថា “ជំនាញសម្របសម្រួល” ព្រោះជំនាញនេះអាចជួយអ្នកក្នុងដោះស្រាយបញ្ហាជំទាស់របស់សមាជិក ឬសម្របសម្រួលមតិយល់ឃើញរបស់សមាជិកដែលយល់ឃើញផ្ទុយគ្នា ខុសប្រធានបទ ឬខុសពីគោលបំណងនៃអង្គប្រជុំ។


៤) បែងចែកការងារ បន្ទាប់ពីបានទទួលមតិយោបល់ និងដោះស្រាយបញ្ហាជំទាស់ជាមួយសមាជិកនៃអង្គប្រជុំរួចរាល់ហើយ អ្នកដឹកនាំអង្គប្រជុំគួរធ្វើការសន្និដ្ឋានអង្គប្រជុំទាំងមូល និងធ្វើការចាត់ចែងការងារទៅកាន់សមាជិកដែលពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តបន្តដោយមានការកំណត់ពេលវេលានៃការអនុវត្តន៍ជាក់លាក់ណាមួយ។

3 views