គន្លឹះធ្វើឱ្យ First Impression មានភាពល្អប្រសើរ

យោងតាមអត្ថបទមួយរបស់ Harvard Business Review (HBR) First Impression គឺជាចំនុចមួយដ៏សំខាន់ក្នុងការចាប់ផ្តើមទំនាក់ទំនងដ៏ល្អ និងរឹងមាំ។ កាយវិការ និងពាក្យសម្តីដែលអ្នកបានបង្ហាញជាលើកទីមួយនោះ អាចឱ្យគេធ្វើការវិនិច្ឆយមកលើអ្នកបានភ្លាមៗ។ ចូរចាំថាការជួបលើកទីមួយអាចបន្សល់ទុកនូវរូបភាព និងគំនិត (វិជ្ជមាន ឬអវិជ្ជមាន) មកលើអ្នកបាន។ ដូច្នេះបើអ្នកចង់ទទួលបាននូវចំណាប់អារម្មណ៍ពីអ្នកដ៏ទៃ ឬចាប់ផ្តើមទំនាក់ទំនងល្អ អ្នកគួរធ្វើយ៉ាងណាឱ្យ First impression របស់អ្នកកាន់តែមានភាពល្អប្រសើរឡើង ជាពិសេសពេលជួបអតិថិជន ឬសម្ភាសការងារ។


ថ្ងៃនេះ30’IDEA បានដកស្រង់គន្លឹះមួយចំនួនចេញពី HBR សម្រាប់ធ្វើការចែករំលែក​ ដែលមានជូនដូចខាងក្រោម៖

Image: #freepik


១) ត្រៀមចំនុចដែលត្រូវនិយាយ

នៅពេលដែលអ្នកជួបអតិថិជនថ្មី ឬសម្ភាសការងារ ចូរអ្នកធ្វើការស្រាវជ្រាវជាមុនសិនថា តើគាត់ជានរណា? តើគាត់មានចំណាប់អារម្មណ៍លើអ្វីខ្លះ? ហើយគាត់ចង់បានអ្វីពីអ្នក។ អ្នកត្រូវមានគោលដៅច្បាស់លាស់ថា ថ្ងៃនេះអ្នកមកជួបគាត់ គឺក្នុងតួនាទីមួយដែលជាអ្នកយល់ច្បាស់ពីដើមទងនៃបញ្ហា និងប្រើប្រាស់ជំនាញរបស់អ្នកក្នុងការជួយដោះ ស្រាយបញ្ហា។ ក្នុងនោះអ្នកអាចលើក២ ទៅ៣ចំនុចសំខាន់ៗដើម្បីលើកយកមកពិភាក្សា ប៉ុន្តែអ្នកត្រូវប្រាកដថាអ្វីដែលអ្នកលើកយកមកនិយាយនោះអាចបង្ហាញពីសមត្ថភាពរបស់អ្នក និងអាចជួយដោះស្រាយបញ្ហាបាន។


២) ប្រុងប្រយ័ត្នលើកាយវិការ

នៅពេលដែលអ្នកជួបមនុស្សប្លែកមុខលើកទីមួយ អ្នកអាចនឹងមានអារម្មណ៍ភ័យៗ ហើយអ្នកក៏មិនចង់ឱ្យគេដឹងថាអ្នកកំពុងមានអារម្មណ៍នេះដែរ ផ្ទុយទៅវិញអ្នកចង់បង្ហាញនូវភាពជឿជាក់ និងទំនុកចិត្ត។ ដូច្នេះអ្នកអាចអនុវត្តសកម្មភាពសាមញ្ញដូចជា ការបោះជំហានវែងៗ ពើងទ្រូង និងអង្គុយឱ្យត្រង់ ឬសកម្មភាពណាដែលជួយឱ្យអ្នកមានអារម្មណ៍ស្រួលខ្លួន និងស្រួលដកដង្ហើម​ ដើម្បីកាត់បន្ថយភាពភ័យខ្លាច និងជួយសម្រួលដល់ឥរិយាបថរបស់អ្នកបាន។


៣) ការចូលរួម

ការស្តាប់គឺជាចូលរួមដ៏សកម្មមួយដែលអាចបង្កើតនូវការសន្ទនាមួយប្រកបដោយភាពសប្បាយរីករាយ និងការឱ្យតម្លៃគ្នាទៅវិញទៅមក។ បន្ថែមពីលើនេះទៀត​ ​ការស្តាប់ដ៏ល្អក៏អាចធ្វើឱ្យដៃគូសន្ទនារបស់អ្នកទទួលបានអារម្មណ៍ល្អ និងរីករាយបំផុតនៅពេលដែលអ្នកផ្ទៀងស្តាប់គាត់និយាយយ៉ាងយកចិត្តទុកដាក់។ មួយវិញទៀតអ្នកអាចលើកជាសំនួរសួរ ទៅកាន់ដៃគូសន្ទនារបស់អ្នកទាក់ទងទៅនឹងគម្រោងការងារថ្មីៗ បទពិសោធន៍ជោគជ័យ និងដំណើរកំសាន្តសប្បាយៗ (ជៀសវាងរឿងផ្ទាល់ខ្លួនណាដែរមិនគួរសួរ) ដែលបញ្ជាក់ថាអ្នកពិតជាចាប់អារម្មណ៍លើដៃគូសន្ទនារបស់អ្នក។

កែសម្រួលចេញពី៖ Harvard Business Review


ដើម្បីទទួលបានអត្ថបទដើម​ សូមចូលទៅកាន់៖ https://hbr.org/2016/09/how-to-make-a-great-first-impression


19 views