គុណវិបត្តិ និងគុណសម្បត្តិរកស៊ីចូលហ៊ុនគ្នា

Updated: May 18

ការចាប់ផ្តើមអាជីវកម្មមួយមិនមែនជារឿងងាយស្រួលនោះទេ វាទាមទារឱ្យអ្នកមានការអត់ធ្មត់ខ្ពស់ និងត្រូវការពេលវេលាជាច្រើនក្នុងការគ្រប់គ្រងអាជីវកម្ម។ ជាពិសេសតម្រូវឱ្យអ្នកមានដើមទុន ជំនាញ ធនធានមនុស្ស និងធនធានផ្សេងៗទៀត ដើម្បីឱ្យអាជីវកម្មដំណើរការទៅដោយរលូន។ ដូច្នេះហើយបានជា​អ្នករកស៊ីភាគច្រើនត្រូវការដៃគូអាជីវកម្មក្នុងការបង្កើនដើមទុនឱ្យបានច្រើន និងជំរុញឱ្យអាជីវកម្មដើរទៅមុខបានលឿន។

Image: #freepik

ទោះជាយ៉ាងណាក្តី ការធ្វើជំនួញដែលមានការសហការពីដៃគូអាជីវកម្មនោះអាចមានចំនុចល្អ និងមានចំនុចខ្លះទៀត តម្រូវឱ្យអ្នកធ្វើការពិចារណាឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តធ្វើការសហការជាមួយនរណាម្នាក់។ ខាងក្រោមនេះ គឺជាគុណវិបត្តិ និងគុណសម្បត្តិក្នុងការរកស៊ីចូលហ៊ុនគ្នាដែលអ្នកគួរយកទៅថ្លឹងថ្លែងឱ្យបានម៉ត់ចត់មុននឹងជ្រើសរើសដៃគូអាជីវកម្ម។ ​​


- គុណសម្បត្តិ

១) បង្កើនដើមទុន

អ្នកអាចនឹងមានដើមទុនច្រើនជាងមុន និងងាយស្រួលក្នុងចាប់ផ្តើមអាជីវកម្មហើយមានលទ្ធភាពក្នុងការ ពង្រីកអាជីវកម្មផងដែរ។


២) ដំណោះស្រាយ និងគំនិតថ្មីៗ

ដៃគូអាជីវកម្មអាចផ្តល់នូវចំណេះដឹង ជំនាញ ពិភាក្សារកនូវគំនិតថ្មីៗ និងដំណោះស្រាយដ៏ល្អក្នុងការអភិវឌ្ឍន៍អាជីវកម្ម។


៣) ចែករំលែកបន្ទុក

គ្រប់អាជីវកម្មទាំងអស់តែងមានហានិភ័យ និងទំនួលខុសត្រូវជាច្រើន។ បន្ទុក និងភាពស្មុគស្មាញអាចកាត់បន្ថយនៅពេលអ្នកមានដៃគូចាំជួយចែករំលែកទំនួលខុសត្រូវ ជាពិសេសអាចផ្តល់ប្រឹក្សាយោបល់ឱ្យគ្នាទៅវិញទៅមកបានភ្លាមៗនៅពេលអ្នកជួបបញ្ហា។


- គុណវិបត្តិ

១) ការខ្វែងគំនិតគ្នា​

នៅពេលដែលមតិយោបល់ច្រើនពីភាគីផ្សេងៗ ប្រាកដណាស់ការខ្វែងគំនិត និងជំលោះប្រាកដជាកើតមានឡើង។ ដូច្នេះអ្នកត្រូវត្រៀមខ្លួនឱ្យរួចរាល់ ដើម្បីទទួលយកចំនុចមួយនេះ។


២) ជំលោះលុយកាក់

ជំលោះ ឬភាពមិនចុះសម្រុងគ្នានឹងកើតមានឡើងនៅពេលការចាត់ចែងការចំណាយ និងចំណូលមិនបានត្រឹមត្រូវ។ បញ្ហាលុយកាក់អាចធ្វើឱ្យភាគីម្ខាងទៀតបាត់បង់ទំនុកចិត្ត និងអាចឈានដល់ការបែកបាក់ ឬបិទទ្វាអាជីវកម្មបានផងដែរ។


៣) បែងចែកកាងារមិនស្មើគ្នា

ការទទួលបានភាគរយប្រាក់ចំណេញស្មើគ្នា ស្របពេលដែលភាគីទាំងសងខាងធ្វើការមិនស្មើគ្នាដោយភាគីម្ខាងទៀតមិនសូវមានពេលវេលាមកមើលថែអាជីវកម្ម ប៉ុន្តែទទួលបានប្រាក់ចំណេញស្មើៗគ្នានោះអាចធ្វើឱ្យមានការអាក់អន់ចិត្ត មិនសប្បាយចិត្ត ដែលអាចធ្វើឱ្យមានការឈ្លោះប្រកែកគ្នា និងបែកបាក់សាមគ្គី។

​​

5 views