ផ្តល់សេចក្តីស្រលាញ់ឱ្យច្រើនៗទៅកាន់ ត្រចៀក ខួរក្បាល និងបេះដូងរបស់អ្នក

ត្រចៀក និងខួរក្បាលរបស់មនុស្សយើង គឺបង្កើតឡើងដើម្បីទទួលយកតែរឿងមង្គល និងពាក្យសរសើរល្អៗតែប៉ុណ្ណោះ ដោយត្រចៀកមិនចង់ឮ ខួរក្បាលមិនចង់គិតពីសម្តីនិន្ទាចំពោះខ្លួននោះឡើយ។ ប៉ុន្តែមានរឿងខ្លះដូចជា សុំសេចក្តីស្រលាញ់ ឬឃាត់នរណាម្នាក់កុំឱ្យស្អប់យើងនោះ គឺជារឿងមួយដែលហួសពីសមត្ថភាពគ្រប់គ្រង និងការបញ្ជារបស់យើង។

Photo: #freepik


ជាការពិតណាស់ ស្រលាញ់ និងស្អប់ គឺជាសារធាតុរបស់មនុស្សលោក ហើយវាមិនមែនជារឿងចម្លែកអ្វីនោះទេនៅពេលអ្នកបានជួបមនុស្សស្រលាញ់ ចូលចិត្តអ្នក និងពេលខ្លះទៀតក៏បានជួបមនុស្សជ្រេញ ឬមិនចូលមុខអ្នកក៏មាន។ ដូចមានឃ្លាមួយដែលយើងតែងតែឮគេនិយាយាថា ចំរៀងមួយបទមិនអាចផ្គាប់ចិត្តអ្នកស្តាប់ទាំងអស់ឱ្យពេញចិត្តនោះទេ ក្នុងនោះប្រាកដជាមានអ្នកចូលចិត្ត និងមិនចូលចិត្ត។


ដូច្នេះមុននឹងអ្នកយកពាក្យ សម្តីរបស់អ្នកដទៃដាក់ចូលក្នុងខួរក្បាល អ្នកត្រូវរិះគិតឱ្យបានច្បាស់លាស់ថា តើបុគ្គលនោះជានរណា(ស្រលាញ់ ឬក៏គេជ្រេញអ្នក) និងមានបំណងអ្វីមកលើអ្នកឱ្យពិតប្រាកដ។ ប្រសិនបើបុគ្គលនោះនិយាយដើម្បីបំបាក់ទឹកចិត្ត ចំអកឡកឡាយ បន្ទាបតម្លៃ និងធ្វើឱ្យអ្នកឈឺចាប់នោះ ចូរអ្នកកុំយកពាក្យសម្តីទាំងនោះដាក់ក្នុងខួរក្បាល និងបេះដូងរបស់អ្នក។ ចូរអ្នកប្រើប្រាស់ខួរក្បាល និងពេលវេលាដ៏មានតម្លៃរបស់អ្នកទៅលើរឿងដែលមានប្រយោជន៍ដូចជា អភិវឌ្ឍខ្លួនអ្នក អភិវឌ្ឍអាជីពការងារ ឬអាជីវកម្ម រីករាយជាមួយកល្យាណមិត្ត ក្រុមគ្រួសារ និងមនុស្សល្អៗនៅជុំវិញខ្លួនអ្នកល្អជាង។

3 views