ធ្វើម៉េចទើបមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន?

មានមិត្តអ្នកអានមួយចំនួនប្រហែលជាធ្លាប់សួរខ្លួនឯងហើយថា គេធ្វើយ៉ាងម៉េចទើបគេមានជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពខ្ពស់ លាយឡំជាមួយនឹងភាពប៉ិនប្រសព្វ និងរួសរាយរាក់ទាក់ដែលធ្វើឱ្យមនុស្សជុំវិញខ្លួនរីករាយក្នុងការសំណេះសំណាល។ ដូចអ្នកបានដឹងស្រាប់ហើយថា ការមានទំនាក់ទំនងល្អ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់យើងក្នុងការទទួលបាននូវភាពសុខសាន្ត រីករាយ និងសុភមង្គល ។ បន្ថែមពីលើនេះ ការមានទំនាក់ទំនងល្អ គឺជាជំនាញមួយដ៏សំខាន់ដែលអាចនាំអ្នកទៅរកភាពជោគជ័យដោយផ្អែកទៅលើភាពប៉ិនប្រសព្វក្នុង ការនិយាយទៅកាន់អ្នកស្តាប់ឱ្យងាយយល់ និងជឿជាក់លើពាក្យសម្តីដែលបានបកស្រាយ។


ដូច្នះ 30’IDEA ក៏សូមចែករំលែកនូវគន្លឹះងាយៗដូចខាងក្រោម៖

Image: #freepik


១) កាត់បន្ថយភាពអៀនខ្មាស់

ភាពអៀនខ្មាស់អាចបង្អាក់អ្នកក្នុងការនិយាយ ឬ បញ្ចេញគំនិតយោបល់របស់ខ្លួនទៅកាន់នរណាម្នាក់។

ចូរអ្នកកុំមានគំនិតខ្លាចគេសើចចំអក ឬរិះគន់នៅពេលដែលអ្នកនិយាយ ឬបញ្ចេញមតិយោបល់ក្នុងគោលបំណងចែករំលែក ឬ កំប្លែងលេង ប៉ុន្តែអ្នកត្រូវជៀសវាងនិយាយអ្វីដែលប៉ះពាល់ដល់អារម្មណ៍គេ។ ប្រសិនជាអ្នកអាចកាត់បន្ថយនូវភាពអៀនខ្មាស់បាននោះ អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ធូរស្រាល និងក្លាហានជាងមុន ហើយអ្នកប្រាកដជាអាចនិយាយ ឬសន្ទនាទៅកាន់មនុស្សជាច្រើន ព្រមទាំងជាមួយមនុស្សដែលអ្នកមិនសូវស្គាល់។


២) ការចាប់ផ្តើមមុន

នៅពេលដែលអ្នកជាអ្នកចាប់ផ្តើមការសន្ទនា ឬដើរទៅរកនរណាម្នាក់មុនអមជាមួយនឹងកាយវិការទន់ភ្លន់ និងសុជីវធម៌ នោះអ្នកអាចបង្កើតនូវរូបភាពមួយដែលអាចបញ្ជាក់ថាអ្នក គឺជាមនុស្សរួសរាយរាក់ទាក់ ងាយស្រួល ចុះសម្រុង និងមិនឆ្មើងឆ្មៃ ជាពិសេសអាចធ្វើឱ្យដៃគូរសន្ទនារបស់អ្នកចងចាំអ្នក និងរីករាយក្នុងការនិយាយលេងជាមួយអ្នកផងដែរ។


៣) ភាពជឿជាក់

ភាពជឿជាក់ គឺជារឿងសំខាន់ណាស់នៅពេលអ្នកចង់ឱ្យអ្នកស្តាប់មានទំនុកចិត្តទៅលើពាក្យសម្តីរបស់អ្នក។ ដូច្នេះនៅពេលដែលអ្នកនិយាយ ឬបញ្ចេញយោបល់អ្នកត្រូវបង្ហាញនូវភាពជឿជាក់ និងគោលជំហររបស់អ្នកជាមួយនឹងអំណះអំណាងដែលមានប្រភពច្បាស់លាស់ ឬគ្រាន់តែបញ្ចេញនូវគំនិតផ្ទាល់ខ្លួនដែលអ្នកគិតថាអាចមានប្រយោជន៍ដល់អ្នកស្តាប់។


៤) និយាយពាក្យល្អ និងពីរោះៗ

ពាក្យពេចន៍ក៏ជាកត្តាមួយដ៏សំខាន់ក្នុងការធ្វើប្រាស្រ័យទាក់ទងទៅកាន់នរណាម្នាក់។ ចូរចាំថាអ្នកអាចនឹងត្រូវគេវិនិច្ឆយអត្តចរិករបស់អ្នកដោយផ្អែកលើពាក្យសម្តីដែលពោលមកខាងក្រៅ ដូច្នេះចូរអ្នកប្រុងប្រយ័ត្នប្រើប្រាស់ពាក្យសម្តីណាមិនសមរម្យដែលធ្វើឱ្យអ្នកស្តាប់គិតថាអ្នកជាមនុស្សមិនគួរឱ្យសេពគប់។ ប្រើពាក្យល្អៗ និងពីរោះៗឱ្យបានច្រើន ទើបមានអ្នកចូលចិត្ត និងរាប់អានអ្នក។


40 views