មួយណាដែលអ្នកចេញរកស៊ីដំបូងគួរចាប់យក? ប្រាក់ចំណេញ ឬទំនុកចិត្តអតិថិជន?

នៅពេលដែលនិយាយអំពីការបើកអាជីវកម្ម "ប្រាក់ចំណេញ" គឺជាគោលដៅទីមួយដែលម្ចាស់អាជីវកម្មរំពឹងនឹងទទួលបានផលត្រលប់មកវិញក្នុងរយះពេលណាមួយ។ ដូច្នេះហើយម្ចាស់អាជីវកម្មប្រាកដជាខិតខំរិះរកយុទ្ធសាស្រ្តនានា ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់ខ្លួនទទួលបាននូវប្រាក់ចំណេញដូចដែលខ្លួនរំពឹងទុក។ ជាការពិតណាស់ គ្រប់ម្ចាស់អាជីវកម្មនីមួយៗគ្មាននរណាម្នាក់ចង់ទទួលការខាតបង់នោះទេ ប៉ុន្តែដើម្បីទទួលបាននូវប្រាក់ចំណេញ ជំហានដំបូងម្ចាស់អាជីវកម្ម ជាពិសេសសម្រាប់អ្នកដែលទើបតែចេញមកប្រឡូកត្រូវចំណាយពេលវេលាឱ្យបានច្រើន និងការយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់លើការកសាងកេរ្តិ៍ឈ្មោះនៅក្នុងទីផ្សារ និងការគាំទ្រពីអតិថិជនជាមុនសិន។

Image: #freepik


ដូចយើងបានឃើញហើយថា មានក្រុមហ៊ុនធំៗមួយចំនួនបានចំណាយទាំងពេលវេលា និងថវិការជាច្រើនក្នុងការកសាងស្លាកយីហោ ពង្រឹងគុណភាពសេវាកម្ម និងផលិតផលរបស់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ទំនុកចិត្ត និងផ្តល់នូវអារម្មណ៍សុវត្ថិភាពជូនដល់អតិថិជននៅពេលដែលប្រើប្រាស់សេវាកម្ម ឬផលិតរបស់ពួកគេ។ បន្ថែមពីលើនេះពួកគេក៏ខិតខំផ្តល់នូវបទពិសោធន៍ល្អៗ ដើម្បីឱ្យអតិថិជនមានអារម្មណ៍ដក់ជាប់ជាមួយនឹងសេវាកម្ម និងផលិតផល ជាពិសេសអាចធ្វើឱ្យអតិថិជនវិលត្រលប់មករកសេវាកម្ម ឬផលិតផលរបស់ពួកគេវិញដោយខ្លួនឯង។​


ដូច្នេះហើយសម្រាប់ម្ចាស់អាជីវកម្មដែលទើបនឹងចាប់ផ្តើមដំណើរការជាលើកទីមួយ ទោះអាជីវកម្មនោះតូចក្តី ក៏គួរចាប់ផ្តើមកសាងទំនុកចិត្តអតិថិជន និងយកចិត្តទុកដាក់ឱ្យបានខ្លាំងលើគុណភាពសេវាកម្ម ឬផលិតផល ដើម្បីឱ្យអាជីវកម្មរបស់ខ្លួនត្រូវបានទទួលស្គាល់ពីសំណាក់អតិថិជន និងអាចធ្វើការប្រកួតប្រជែកនៅក្នុងទីផ្សារបានយ៉ាងពិតប្រាកដ។ នៅពេលដែលអ្នកផ្តោតសំខាន់ទៅលើគុណភាព ការផ្តល់នូវបទពិសោធន៍ល្អៗ ទំនុកចិត្ត និងអារម្មណ៍សុវត្ថិភាពជូនអតិថិជន នោះប្រាក់ចំណេញនឹងចូលមករកអ្នកដោយខ្លួនឯង។

9 views