វិធីធ្វើការជាមួយមនុស្សពូកែបត់បែនខ្លាំង?

Updated: May 13

តើអ្នកធ្លាប់សង្កេតទេថា នៅកន្លែងធ្វើការនីមួយៗគឺភាគច្រើនមានមនុស្សពីរប្រភេទនោះ​ គឺទីមួយ​ប្រភេទមនុស្សនិយាយហើយអនុវត្ត និងទីពីរ គឺប្រភេទមនុស្សពូកែទ្រឹស្តី យកមុខយកមាត់ ពូកែយករួចខ្លួន ជាពិសេសពូកែបត់បែនទៅតាមកាលៈទេសៈ។

Image: #freepik


ជំពូកមនុស្សប្រភេទទី២នេះ គឺពូកែខាងវោហារសព្ទ សម្បូរគំនិត និងមានភាពបត់បែនរហ័សតាមមិនទាន់។ បន្ថែមពីលើនេះ ប្រសិនបើបុគ្គលនេះមានបុគ្គលិកនៅក្រោមបង្គាប់ គេមិនអាចនាំមកនូវភាពជោគជ័យជូនដល់ក្រុមការងារ និងសម្រេចផែនការងារបាននោះទេ ដោយសារតែមនុស្សប្រភេទនេះ ងាយស្រួលក្នុងការផ្លាស់ប្តូរគំនិតភ្លាមៗ មិនមានទំនួលខុសត្រូវ ពូកែធ្វើភ្លេច ទំលាក់កំហុសទៅឱ្យកូនក្រុម និងទុកការងារកូនក្រុមចោលដោយគ្មានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។


បើសិនជាអ្នកបានជួបមនុស្សប្រភេទទី២នេះ តើអ្នកគួររៀបចំខ្លួន និងមានវិធីសាស្រ្តអ្វីខ្លះដើម្បធ្វើការឱ្យចុះសម្រុង និងទទួលបានលទ្ធផលចេញជាផ្លែផ្កាដូចដែរអ្នកចង់បាន?


30’IDEA សូមចែករំលែកនូវចំនុចមួយចំនួនដែលអ្នកអាចយកទៅសាកល្បងបានដែលមានជូនដូចខាងក្រោម៖


១) ស្តាប់ និងកត់ត្រាឱ្យបានច្បាស់ (Listen and take note)

ដើម្បីចៀសវាងនូវការទំលាក់កំហុស និងការភ្លេចរបស់ពួកគាត់ អ្នកគួរស្តាប់ដោយប្រុងប្រយ័ត្ន និងកត់ត្រាឱ្យបានច្បាស់នូវរាល់ការងារដែលគាត់បានដាក់ឱ្យអ្នកធ្វើ រួចផ្ញើទៅឱ្យគាត់ដើម្បីទទួលដឹងទាំងអស់គ្នា។


២)​ សួរបញ្ជាក់អោយបានច្បាស់លាស់ (Clarify)

បើសិនជាអ្នកមិនច្បាស់នៅត្រង់ចំនុចណា ចូរសួរ និងបញ្ជាក់ឱ្យច្បាស់ចៀសវាងការយល់ច្រលំ ឬមិនទាន់យល់ច្បាស់។ ធ្វើដូចនេះ អ្នក និងប្រធានរបស់អ្នកអាចកាន់តែយល់ច្បាស់នូវអ្វីដែលកំពុងពិភាក្សា និងត្រៀមអនុវត្តនាពេលខាងមុខជាមួយគ្នា។


៣) ផ្ញើសារអេឡិចត្រូនិច (E-mail)

មួយវិញទៀត រាល់ការពិភាក្សាការងារ អ្នកគួរតែផ្ញើជាសារអេឡិចត្រូនិច ដើម្បីទុកជាឯកសារនៅពេលណាអ្នកត្រូវការ ឬជៀសវានូវការភ្លេច។


៤)​ ឈប់ស្មាន (Do not make assumption)

ពេលខ្លះការស្មានរបស់អ្នកមិនត្រឹមត្រូវទាំងស្រុងនោះទេ ការស្មានពីនេះពីនោះ មានតែបង្កនូវការយល់ច្រឡំ និងបន្ថែមភាពស្មុគស្មាញមកដល់ខ្លួនឯង។


ដោយ៖ SkyAZ

14 views