៤ចំនុចកាត់បន្ថយភាពស្មុគស្មាញ និងតានតឹងក្នុងចិត្ត

ភាពតានតឹង និងស្មុគស្មាញអាចកើតចេញពីសម្ពាធការងារ គ្រួសារ អាជីវកម្ម និងកត្តាផ្សេងៗទៀតដែលធ្វើប៉ះពាល់ដល់សតិអារម្មណ៍របស់យើងបាន។ ហើយនេះក៏ជារឿងដ៏សំខាន់មួយដែលយើងគ្រប់គ្នាគួរតែយកចិត្តទុកដាក់ថែរក្សាសុខភាពផ្លូវចិត្ត និងចេះគ្រប់គ្រងអារម្មណ៍របស់យើងបានឱ្យល្អ។ ថ្ងៃនេះផងដែរ 30’IDEA សូមចែករំលែកនូវវិធីសាស្រ្តសាមញ្ញមួយចំនួនដែលជួយឱ្យមិត្តអ្នកអានអាចយកទៅអនុវត្ត និងជួយកាត់បន្ថយភាពតានតឹងបានមួយកំរិត។


៤ចំនុចខាងក្រោមនេះគឺជាវិធីសាស្រ្តសាមញ្ញអាចជួយអ្នកនៅពេលដែលមានភាពតានតឹងក្នុងចិត្ត។

Image: #freepik


១​. គិតដល់គោលដៅចម្បងរបស់អ្នក

  • ការផ្តោតទៅលើគោលដៅរបស់អ្នក អាចជួយឱ្យអ្នកគិតដល់រឿងល្អៗ ធ្វើឱ្យអ្នកមានអារម្មណ៍រំភើបរីករាយ និងទទួលបានអារម្មណ៍វិជ្ជមានមកវិញភ្លាមៗ នៅពេលដែលអ្នកប្រមើលមើលភាពជោគជ័យ និងបំណងប្រាថ្នាដែល អ្នកនឹងទទួលបាននៅថ្ងៃខាងមុខ។ ការធ្វើបែបនេះអាច ជួយឱ្យអ្នកមានសមាធិកាន់តែខ្ពស់ដើម្បីបន្តកិច្ចការដែលអ្នកកំពុងធ្វើទោះ មានបញ្ហានៅចំពោះមុខក៏ដោយ។

២. រកមនុស្សម្នាក់ដែលអាចទុកចិត្តបាន

  • ការលាក់បញ្ហានៅក្នុងចិត្ត និងមិនបញ្ចេញអារម្មណ៍មិនមានជាដំណោះស្រាយដ៏ល្អនោះទេ ផ្ទុយទៅវិញវាធ្វើឱ្យអ្នកមានភាពស្មុគស្មាញកាន់តែខ្លាំង។ ដូច្នេះអ្នកគួរតែចែករំលែកនូវបញ្ហារបស់អ្នកទៅកាន់មនុស្សដែលអ្នកអាចទុកចិត្តបានបំផុតដើម្បីឱ្យអ្នកមានថាអារម្មណ៍ធូរស្រាល និងអាចទទួលនូវដំណោះស្រាយ ឬដំបូន្មានក្នុងការដោះស្រាយបញ្ហាបានភ្លាមៗ។

៣. សរសេរកំណត់ហេតុ

  • ប្រសិនបើអ្នកជាប្រភេទមនុស្សមិនចូលចិត្តនិយាយពីបញ្ហាផ្ទាល់ខ្លួនប្រាប់ទៅអ្នកដ៏ទៃនោះទេ អ្នកអាចសរសេរជាកំណតហេតុរៀបរាប់ពីបញ្ហាក្នុងចិត្ត ទុក្ខកង្វល់ ទីកន្លែង និងបុគ្គលណាម្នាក់ ដែលធ្វើឱ្យអ្នកមិនសប្បាយចិត្ត។​ ការធ្វើបែបនេះអាចជួយឱ្យអ្នករំសាយអារម្មណ៍តានតឹងរបស់អ្នកបាន និងបព្ចេញកំហឹងរបស់អ្នកបានខ្លះ។

៤. អនុវត្ត Self care

  • Self Care: (serenity​:ភាពស្ងប់ស្ងាត់, exercise:ហាត់ប្រាណ, love:ក្តីស្រលាញ់, food:អហារ)​

  • អ្នកគួរតែយកចិត្តទុកដាក់ និងមានពេលវេលាសម្រាប់ខ្លួនឯងឱ្យបានច្រើន ដើម្បីទទួលបាននូវអត្ថន័យជីវិតរបស់ខ្លួនយ៉ាងពិតប្រាដក។ ដូច្នេះ ជារៀងរាល់ថ្ងៃអ្នកគួរតែ ធ្វើសមាធិ ហាត់ប្រាណ លេងកីឡា ស្តាប់ភ្លេង បង្កើតទំលាប់ឬសកម្មភាពផ្សេងៗដែលអ្នកចូលចិត្តធ្វើ ចំណាយពេលវេលាជាមួយក្រុមគ្រួសារ ជាពិសេសផ្តល់ក្តីស្រលាញ់ទៅកាន់មនុស្សជាស្រលាញ់ឱ្យបានច្រើនៗ និងទទួលទានអាហារដែលមានប្រយោជន៍សម្រាប់រាងកាយរបស់អ្នក។

19 views