៥ចំនុចគួរដឹងមុនពេលចាប់ផ្តើមធ្វើអាជីវកម្ម

ការធ្វើអាជីវកម្ម គឺជាការធ្វើដំណើរមួយដ៏វែងឆ្ងាយ មិនមែនត្រឹមតែមួយឆ្នាំ ពីរឆ្នាំ ឬបីឆ្នាំនោះទេ។​ ដូច្នេះហើយអ្នកត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយមិនថាជាបញ្ហាលុយកាក់ ជំនាញ ឬបញ្ហាសតិអារម្មណ៍នោះទេ។ បើសិនជាអ្នកបានត្រៀមចិត្តក្នុងការប្រយុទ្ធ និងពុះពារឧបសគ្គទាំងអស់នេះបាន អ្នកប្រាកដជាក្លាយទៅសហគ្រិនដ៏ជោគជ័យ ម្នាក់ជាក់ជាមិនខាន។


ក្នុងនោះផងដែរ 30’IDEA ក៏សូមចែករំលែកនូវកត្តាមួយចំនួនដែលអ្នកគួរយកទៅសិក្សាមុនពេលចាប់ផ្តើមធ្វើអាជីវកម្មដែលបានរៀបរាប់ជូនដូចខាងក្រោមនេះ៖

Image: #freepik


១) ស្រាវជ្រាវឱ្យបានច្បាស់លាស់

មុនពេលអ្នកសម្រេចចិត្តថាចង់បើកអាជីវកម្មអ្វីមួយអ្នកគួរធ្វើការស្រាវជ្រាវឱ្យបានលម្អិតអំពីទីផ្សារ តម្រូវការអតិថិជន ហានិភ័យ និងគូរប្រកួតប្រជែង ដើម្បីឱ្យអ្នកត្រៀមនូវផែនការ យុទ្ធសាស្រ្ត និងវិធិសាស្រ្តផ្សេងៗទៀតក្នុងការប្រជ្រៀតចូលក្នុងទីផ្សារ និងត្រៀមខ្លួនគ្រប់គ្រងហានិភ័យផ្សេងៗដែលអាចកើតមានឡើងនាពេលខាងមុខ។


២) រៀបចំផែនការអាជីវកម្ម

ការរៀបចំផែនការអាជីវកម្ម គឺជាចំនុចចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់អាជីវកម្មនីមួយៗ ពីព្រោះផែនការអាជីវកម្មបានដាក់បញ្ចូលនូវរាល់គោលបំណងនៃអាជីវកម្ម យុទ្ធសាស្រ្តលក់ យុទ្ធសាស្រ្តទីផ្សារ ដើមទុន ប្រាក់ចំណេញ ហិរញ្ញវត្ថុ អតិថិជនគោលដៅ ដៃគូរប្រកួតប្រជែង ធនធានមនុស្ស​ ផែនការអនាគត និងព័ត៌មានសំខាន់ៗជាច្រើនទៀត ដើម្បីឱ្យអ្នកមើលឃើញនូវរូបភាពធំមួយនៃអាជីវកម្មរបស់អ្នកនៅក្នុងរយៈពេលខ្លី និងវែង។ ជាពិសេសអាចឱ្យអ្នកយល់ច្បាស់អំពីដំណើរការនីមួយៗនៃអាជីវកម្មរបស់អ្នកបានយ៉ាងច្បាស់លាស់។

៣) ត្រៀមចិត្តទទួលការខាតបង់

ជាធម្មតាស្ទើរតែគ្រប់អាជីវកម្មតែងតែទទួលការខាតបង់នៅក្នុងឆ្នាំទី១ និងឆ្នាំទី២ ដូច្នេះអ្នកត្រូវត្រៀមចិត្ត និងដើមទុនមួយចំនួនសម្រាប់ទ្រទ្រង់អាជីវកម្មសម្រាប់រយៈពេល ២ឆ្នាំយ៉ាងតិច។ ត្រង់ចំនុចនេះអ្នកអាចនឹងខកបំណង ប៉ុន្តែចូរអ្នកតស៊ូទៅមុខទៀតជាមួយនឹងគំនិតថ្មីៗ ដើម្បីដើរឱ្យទាន់នឹងគូរប្រកួតប្រជែងរបស់អ្នក។


៤) ពេលវេលា

ការចាប់ផ្តើមបើកអាជីវកម្ម​ទាមទារឱ្យអ្នកមានពេលវេលា ១០០% របស់អ្នក ដើម្បីមើលការគ្រប់គ្រង និងចាត់ចែងទូទៅជាប្រចាំថ្ងៃ សូម្បីតែថ្ងៃឈប់សំរាក ឬចុងសបា្តហ៍ក៏អ្នកត្រូវចំណាយពេលទៅលើអាជីវកម្មរបស់អ្នកផងដែរ។


៥) សម្ពាធ

នៅពេលដែលអ្នកក្លាយទៅជាម្ចាស់អាជីកម្ម អ្នកនឹងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនដែលត្រូវការឱ្យអ្នកដោះស្រាយ មិនថាជាការងាររដ្ឋបាល ទូទាត់បញ្ជី ជួបអតិថិជន ឬបញ្ហាផ្សេងៗទៀតដែលកត្តាទាំងអស់នេះហើយអាចធ្វើឱ្យអ្នកមានសម្ពាធយ៉ាងខ្លាំង ជាពិសេសសម្រាប់ម្ចាស់អាជីវកម្មដែលមិនទាន់មានលទ្ធភាពអាចជួលបុគ្គលិក ដើម្បីមកធ្វើការទាំងអស់នេះជំនួសអ្នកបាន។

7 views